អង្គការ NASA៖ «ភពតូច Ceres ទំនងជាកន្លែង​ចាប់ផ្តើម​​នៃសរីរាង្គ ឬភាវៈមាន​ជី​វិត​ក្នុង​ទម្រង់ណាមួយ!»

(អវកាស)៖ ពីមួយថ្ងៃទៅមួយថ្ងៃកូនភព Ceres (ភពបំរុង ឬមិនគ្រប់លក្ខណៈ) មើលទៅកាន់តែទំនងគឺជាកន្លែងជ្រកកោណរបស់ជីវិតក្រៅភព ស្របពេលដែលយានអវកាស Dawn របស់អង្គការ NASA នៃសហរដ្ឋអាមេរិក បានសង្កេតរកឃើញម៉ូលេគុលសរីរាង្គមួយប្រភេទនៅលើភព Ceres ជាលើកដំបូងបំផុតដែលទំនងជាអាចបញ្ជាក់ពីវត្តមាននៃភាវៈមានជីវិត។ នេះបើតាមការបោះពុម្ពផ្សាយរបស់ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលត្រូវបានដកស្រង់ដោយគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសមាជិកនៃក្រុមសិក្សាស្រាវជ្រាវខាងលើ សរីរាង្គទាំងនេះទំនងជាកកើតឡើងនៅលើកូនភព Ceres តែម្តងដោយមិនមែនបានធ្វើដំណើរមកដល់កូនភពមួយនេះតាមរយៈអាចម៍ផ្កាយ ឬមួយក៏ផ្កាយដុះកន្ទុយនោះឡើយ។ ក្រៅពីនេះពួកនេះបានលើកឡើងថា ដោយសារតែ Ceres គឺជាកូនភពតូចមួយដែលប្រហែលជានៅបន្តរក្សាទុកនូវកម្តៅផ្នែកខាងក្នុងពីដំណាក់កាលប្រែប្រួលរបស់វា និងប្រហែលជាអាចមានផ្ទុកមហាសមុទ្រស្ថិតក្រោមផ្ទៃស្រទាប់ខាងក្រៅរបស់វាថែមទៀតផង ដែលប្រការនេះនឹងបើកចំហនូវលទ្ធភាពដែលថាកំណើតជីវិតដំបូង អាចធ្លាប់បានអភិវឌ្ឍន៍នៅលើកូនភព Ceres ផ្ទាល់។

គួរបញ្ជាក់ថាបេសកកម្ម Dawn ដែលមានការចំណាយសរុបចំនួន៤៦៧លានដុល្លារបានចាប់ផ្តើមប្រតិបត្តិការកាលពីខែកញ្ញា ឆ្នាំ២០០៧ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើអាចម៍ផ្កាយ Vesta និងកូនភព Ceres ដែលជាវត្ថុពីរធំជាងគេបង្អស់នៅក្នងខែ្សក្រវ៉ាត់អាចម៍ផ្កាយស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍។ យានអវកាស Dawn ធ្វើដំណើរជុំវិញអាចម៍ផ្កាយ Vesta (មានអង្កត់ផ្ចិតប្រវែង៥៣០គីឡូម៉ែត្រ) ពីខែកក្កដា ឆ្នាំ២០១១ រហូតដល់ខែកញ្ញា ឆ្នាំ២០១២ នៅពេលដែលវាបានចាកចេញទៅកាន់កូនភព Ceres (មានអង្កត់ផ្ចិតប្រវែង៩៥០គីឡូម៉ែត្រ) ហើយវាបានទៅដល់ទីនោះកាលពីខែមិនា ឆ្នាំ២០១៥ និងបានក្លាយជាយានអវកាសដំបូងបំផុតដែលបានធ្វើដំណើរគោចរវត្ថុចំនួនពីរផ្សេងគ្នា ស្ថិតនៅក្រៅប្រព័ន្ធភពផែនដី-ព្រះច័ន្ទរបស់យើង៕

You might also like More from author