បាតុភូត​ច័ន្ទ​គ្រាស​លោហិត​តែ​មួយគត់​ក្នុង​ឆ្នាំ​នេះ នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ តែ​គួរ​ឲ្យ​ស្តាយ​នៅ​ កម្ពុជា​មិន​អាច​មើល​​ឃើញ​

(បរទេស)៖ នៅថ្ងៃស្អែកនេះបាតុភូតច័ន្ទគ្រាសពណ៌ក្រហមតែមួយគត់ក្នុងឆ្នាំនេះ នឹងកើតមានឡើងនៅលើ ផ្ទៃមេឃ ហើយទ្វីបអាមេរិកទាំងមូល នឹងមានឱកាសទស្សនាទិដ្ឋភាពកម្រនេះតាំងពីដើមរហូតដល់ចប់ ខណៈ ផ្នែកខ្លះនៃតំបន់អឺរ៉ុបនិងអាហ្វ្រិកក៏អាចមើលឃើញដូចគ្នាផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ ព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។

ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតច័ន្ទគ្រាសទាំងមូលនឹងអាចត្រូវមើលឃើញពី បណ្តាប្រទេសនៅតំបន់ អាមេរិកខាងជើងនិងខាងត្បូង រួមជាមួយកោះគ្រីនឡែន ប្រទេសអ៊ីស្លង់ អៀរឡង់ ចក្រភពអង់គ្លេស ន័រវែស ស៊ុយអែត ព័រទុយហ្គាល់ បារាំង អេស៉្បាញ និងអាល្លឺម៉ង់។ បាតុភូតនេះនឹងលេចឡើងនាវេលាយប់ថ្ងៃអាទិត្យនេះ នៅតាមតំបន់ទាំងនោះ តែត្រូវនឹងពេលព្រឹកនៅប្រទេសកម្ពុជា ហើយមានរយៈពេល៦២នាទី។

គួរជម្រាបថា ច័ន្ទគ្រាសខាងលើគេហៅថាច័ន្ទគ្រាសក្រហមឬច័ន្ទគ្រាសលោហិត ពីព្រោះវាជាបាតុភូតច័ន្ទគ្រាស ពេញលេញ (ព្រះច័ន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង)។ ព្រះច័ន្ទមើលទៅមានពណ៌ក្រហម ដោយសារតែ ការជះរាយប៉ាយនៃពន្លឺព្រះអាទិត្យនៅក្នុងបរិយាកាសផែនដី ហើយព្រះច័ន្ទដែលមានលក្ខណៈបែបនេះ ពេលខ្លះ ត្រូវគេហៅថា «Blood Moon»។

រីឯព្រះច័ន្ទពេញវង់នៅក្នុងខែមករា ជួនកាលត្រូវគេហៅថា Wolf Moon (ព្រះច័ន្ទចចក) ខណៈព្រះច័ន្ទនៅថ្ងៃ ស្អែកនេះនឹងខិតមកជិតផែនដី ជាហេតុធ្វើឲ្យវាមើលទៅធំភ្លឺជាងធម្មតាថែមទៀត និងត្រូវគេហៅថា Supermoon។ សរុបសេចក្តីមកបាតុភូតច័ន្ទគ្រាសនៅថ្ងៃស្អែកមានឈ្មោះថា «Super Bood Wolf Moon»៕

You might also like More from author