អង្គការ​​អវកាស​​អឺរ៉ុប ESA បង្ហាញ​​ផែនការ​ធំៗ​​​ ដែល​ត្រូវ​ធ្វើ​​លើ​ឋាន​ព្រះច័ន្ទ ចាប់ពី​​ឆ្នាំ២០២៥

(អឺរ៉ុប)៖ ខណៈសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន សុទ្ធតែកំពុងសម្លឹងមើលការបង្កើតមូលដ្ឋាននៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាពេលថ្មីៗនេះទីភ្នាក់ងារអវកាសអឺរ៉ុប ESA ក៏មានគោលដៅដូចគ្នាផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២១ ខែមករាទីភ្នាក់ងារអវកាស ESA ទើបតែទទួលបានកិច្ចសន្យាដំបូង ដែលស្ថិតក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើតមូលដ្ឋានមួយលើព្រះច័ន្ទនៅឆ្នាំ២០២៥ ដោយក្រុមហ៊ុនឈ្មោះថា ArianeGroup នឹងអភិវឌ្ឍន៍គម្រោងសម្រាប់ ESA ដើម្បីធ្វើឲ្យគំនិតរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ក្លាយជាការពិត។

ក្រុមហ៊ុន ArianeGroupe នឹងស្វែងរកឱកាសដើម្បីរៀបចំស្ថានីយមួយនៅលើផ្ទៃព្រះច័ន្ទ ដែលមានសមត្ថភាពជីករុករកធនធានរ៉ែម៉្យាងហៅថា Regolith ដែលអាចយកមកកែច្នៃហើយផលិតជាទឹក និងឧស្ម័នបាន។ ប្រសិនបើគម្រោងនេះពិតជាអាចទៅរួចមែននោះ មូលដ្ឋានបែបនេះនឹងអាចទ្រទ្រង់ខ្លួនវា ហើយថែមទាំងអាចផលិតឥន្ទនៈសម្រាប់ការចេញបេសកកម្ម ទៅកាន់ទីឋានឆ្ងាយៗផ្សេងទៀតផង។

ប្រធានទីភ្នាក់ងារអវកាស ESA លោក Jan Woerner ធ្លាប់បានចែករំលែកចក្ខុវិស័យថា លោកចង់បង្កើតសហគមន៍មួយដែលមានមនុស្សរស់នៅ និងធ្វើការងារជាមួយគ្នាក្នុងមូលដ្ឋានមួយ នៅលើឋានព្រះច័ន្ទ។ បើតាមលោក Woerner មូលដ្ឋាននេះនឹងមិនត្រឹមមានវត្តមានអ្នកវិទ្យាសាស្រ្តធ្វើការស្រាវជ្រាវប៉ុណ្ណោះទេ តែក៏មានការធ្វើអាជីវិកម្មក្នុងវិស័យរុករករ៉ែ និងទេសចរណ៍ផងដែរ។ លោក Woerner បានកត់សម្គាល់ថា មូលដ្ឋានបែបនេះក៏អាចធ្វើជាកន្លែងឆ្លងកាត់ សម្រាប់ឈានអវកាសនានាដែលមានគោលដៅធ្វើដំណើរទៅភពអង្គារ ឬក៏កន្លែងឆ្ងាយផ្សេង៕

You might also like More from author