ពេល​នេះ​អង្គការ NASA ​អាច​ដោះ​​ស្រាយ​បញ្ហា​​បន្ទោរបង់​​នៅ​ទីអវកាស​ ជូន​​អវកាស​យានិក​​បាន​ហើយ!

(អាមេរិក)៖ ពេលនេះដំណឹង ដែលមនុស្សគ្រប់គ្នាបានទន្ទឹង រង់ចាំយ៉ាងអន្ទះសារអស់រយៈពេលមួយខែនោះ បានមកដល់ហើយ ស្របពេលដែលទីភ្នាក់ងារអវកាសណាសា (NASA) បានប្រកាសអំពីម្ចាស់ជ័យលាភី នៅក្នុងយុទ្ធនាការ «Space Poop Challenge» ដែលជាកម្មវិធីប្រកួតប្រជែងមួយ មានរង្វាន់ជាទឹកប្រាក់ចំនួន៣០,០០០ដុល្លារ ដែលបានអំពាវឲ្យមានការចូលរួមស្វែងរក ដំណោះស្រាយដ៏ប្រសើរ និងមានប្រសិទ្ធភាពជាងគេបំផុត ដើម្បីជួយសម្រួលបញ្ហា ដែលអ្នកអវកាសតែងតែជួបប្រទះ ដោយមិនអាចជៀសផុតបាននៅក្នុងលំហអាកាសនោះគឺ «ការបន្ទោបង់ ឬការបញ្ចេញចោល កាកសំណល់អាក្រក់ពីក្នុងខ្លួន»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការ NASA ម្ចាស់ជ័យលាភីលេខមួយ នៃការប្រកួតប្រជែងខាងលើ និងជាម្ចាស់ប្រាក់រង្វាន់ចំនួន១៥,០០០ដុល្លារគឺជាវរសេនីយ៍ឯកនៃកងទព័ជើងអាកាសអាមេរិក លោកបណ្ឌិត Thatcher Cardon ជាអ្នកមានចំណូលចិត្តខាងផ្នែកបង្កើត វត្ថុច្នៃប្រឌិតមួយរូបផងដែរនោះ ដែលបានរចនាដំណោះស្រាយមួយមានឈ្មោះថា MACES Perineal Access & Toileting System ឬ M-PATS។ រីឯចំណាត់ថ្នាក់លេខពីរ និងទឹកប្រាក់ចំនួន១០,០០០ដុល្លារបានទៅលើក្រុមមួយមានសមាជិកបីនាក់ ដែលបានបង្កើតប្រព័ន្ធដំណោះស្រាយ មានឈ្មោះថា SPUDs និងលេខបីបានទៅលើបុគ្គលឈ្មោះ Hugo Shelly ជាមួយប្រព័ន្ធដំណោះស្រាយ Spacesuit Waste Disposal។

គួរបញ្ជាក់ដែរថា កាលពីមុនបញ្ហារឿងបត់ដៃបត់ជើងនេះ មិនមែនជាបញ្ហាធំដុំអ្វីនោះឡើយនៅពេលដែលក្រុមអ្នកអវកាសតម្រូវឲ្យស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អវកាសរបស់ពួកគេយ៉ាងយូរត្រឹមតែ១០ម៉ោងប៉ុណ្ណោះហើយបច្ចុប្បន្ននេះពួកអវកាសយានិក កំពុងប្រើប្រាស់មធ្យោបាយជាក្រណាត់ ដូចទៅនឹងកន្ទបកូនក្មេង ដើម្បីដោះស្រាយបញ្ហាធម្មជាតិរបស់ពួកគេមួយគ្រាៗ ប៉ុន្តែនៅក្នុងបេសកកម្ម នាពេលអនាគតប្រហែលជាតម្រូវ ឲ្យមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ ក្នុងខ្លួនដែលមានប្រសិទ្ធភាព បានយូរជាងមុនសម្រាប់ត្រៀមនៅក្នុងកាលៈទេសៈបន្ទាន់ណាមួយ ដែលទាមទារឲ្យអវកាសយានិក ត្រូវស្ថិតនៅក្នុងឈុតអវកាសរបស់ពួកគេ ក្នុងរយៈពេលដ៏វែង។

ដូច្នេះទីភ្នាក់ងារអវកាស NASA បានព្យាយាមស្វែងរកដំណោះស្រាយ សម្រាប់ប្រព័ន្ធគ្រប់គ្រងការបត់ជើងទាំងតូចទាំងធំ រួមនិងការមករដូវក្នុងលក្ខខណ្ឌ អ្នកអវកាសជានារីភេទ ហើយប្រព័ន្ធនេះនឹងត្រូវបំពាក់នៅក្នុងសម្លៀកបំពាក់ សម្រាប់អវកាសយានិកនៅពេលធ្វើដំណើរ ក្នុងយានអវកាសរហូតយ៉ាងតិច ដល់ទៅ១៤៤ម៉ោង ឬស្មើនឹង ០៦ថ្ងៃ ហើយ NASA សង្ឃឹមថា នឹងអាចបំពាក់ប្រព័ន្ធបញ្ចេញកាកសំណល់ថ្មីនេះ ទៅក្នុងបេសកកម្មនាពេលអនាគត នៅបីទៅបួនឆ្នាំខាងមុខ។ សម្រាប់ជ័យលាភីទាំងបី មិនទាន់មានការបញ្ជាក់ពី ភាពលម្អិតនោះឡើយ៕

You might also like More from author