យានអវកាស​ជូណូ «ថត​រូបភាព​ដ៏អស្ចារ្យ នៃ​ប៉ូល​ខាងត្បូង​ភព​ព្រហស្បតិ៍!»

(អាមេរិក)៖ សម្រាប់អ្នកស្រឡាញ់ និងតាមដានព័ត៌មានអវកាសពិតជាព្រឺព្រួច ឬឆ្ងល់កាន់តែខ្លាំងអំពីរូបភាពពិតៗ នៃតំបន់ប៉ូលខាងត្បូង របស់ភពព្រហស្បតិ៍ ដែលមើលទៅហាក់ដូចជាផ្ទាំងគំនូរ ប្រកបដោយភាពស្រមើស្រមៃមួយ ដែលគ្មាននរណាអាចនឹកស្មានដល់ឡើយថា នឹងកើតមានទិដ្ឋភាពបែបនេះ ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយរូបភាពនោះ គឺនៅលើភពយក្ស «ព្រហស្បតិ៍» នោះឯង។ នេះបើតាមការដកស្រង់ព័ត៌មាន ពីវែបសាយ Space នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

រូបភាពដែលយានអវកាស Juno ថតបានតាំងតែពីថ្ងៃទី០២ ខែកុម្ភៈ ពីរយៈកម្ពស់ ១០២,១០០ គីឡូម៉ែត្រ (១ ភាគ៤ នៃចម្ងាយរវាងផែនដី និងព្រះច័ន្ទ) និងទើបតែត្រូវបានអង្គការ NASA កែសម្រួលជាពណ៌ធម្មជាតិនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការស្រមើស្រមៃ និងមានចម្ងល់កាន់តែខ្លាំង អំពីធម្មជាតិនៃភពព្រហស្បតិ៍។ ទិដ្ឋភាពនៅលើប៉ូលខាងត្បូងនោះ គឺជាបណ្តុំនៃពពកឧស្ម័នដ៏ក្រាស់ក្រែល ប៉ុន្តែវាមានសភាពស្ងប់ មិនដូចនៅតំបន់អេក្វាទ័រ និងតំបន់លើឬក្រោមខ្សែអេក្វាទ័រនៃភពឡើយ ដែលមានសភាពកញ្ជ្រោលខ្លាំង ដែលបង្ហាញពីអំណាចពីធម្មជាតិ។

គួរបញ្ជាក់ថាយាន ជូណូ ត្រូវបានបាញ់ចេញពីផែនដីកាលពីខែសីហា ឆ្នាំ២០១១ និងទៅដល់ភពព្រហស្បតិ៍ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ វាបាននិងកំពុងបំពេញបេសកកម្មនៅភពព្រហស្បតិ៍ ដែលមានរយៈពេល ២០ខែ ហើយពេលបញ្ចប់បេសកកម្ម វានឹងត្រូវទម្លាក់ខ្លួនចូលក្នុងភពព្រហស្បតិ៍តែម្តង នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ តែមួយឆ្នាំទៀតប៉ុណ្ណោះ៕

You might also like More from author