ទីបំផុត​​​ភពណិបទូន​​​មាន​ព្រះច័ន្ទ​​ថ្មី​មួយ​​ទៀត ដែល​វា​​មាន​​ឈ្មោះ​​ថា Hippocamp ជាមួយ​​មុខ​កាត់ ​៣៤​គីឡូម៉ែត្រ

(អាមេរិក)៖ ព្រះច័ន្ទថ្មីមួយមានឈ្មោះថា Hippocamp កន្លងមកត្រូវបានយានអវកាសមួយចំនួនមើលរំលង ដោយសារតែវាមានអង្កត់ផ្ចិតត្រឹមតែ ៣៤គីឡូម៉ែត្រ និងគន្លងគោចរនៅកៀកនឹងភពណិបទូន តែពេលនេះវត្តមានរបស់វា ត្រូវបានទទួលស្គាល់ជាផ្លូវការហើយ និងរង់ចាំការសិក្សាបន្ថែមទៀតនៅថ្ងៃអនាគត អំពីលក្ខណៈពិសេសៗរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ព្រះច័ន្ទ Hippocamp ស្ថិតក្នុងចំណោមព្រះច័ន្ទផ្នែកខាងក្នុងទាំង ០៧របស់ណិបទូន ហើយវាតែងតែធ្វើដំណើរជុំវិញភពខៀវនេះក្នុងពេលមួយថ្ងៃម្តង។ នៅពេលយាន Voyager 2 បានហោះកាត់ភពណិបទូន នៅឆ្នាំ១៩៨៩ វាបានរកឃើញព្រះច័ន្ទត្រឹមចំនួន ០៦ប៉ុណ្ណោះ នៅគន្លងផ្នែកខាងក្នុងរបស់ភពនេះ ពោលគឺវាបានមើលរំលង Hippocamp។ ណិបទូនក៏មានព្រះច័ន្ទ ០៧ទៀតនៅចម្ងាយឆ្ងាយពីវាផងដែរ។

គួរជម្រាបថា វត្តមានព្រះច័ន្ទ Hippocamp ត្រូវបានរកឃើញនៅក្នុងកម្រងរូបភាព ដែលថតបានដោយកែវយឺតអវកាស Hubble ហើយតាមការពិនិត្យ និងបញ្ជាក់យ៉ាងលម្អិតនោះ ព្រះច័ន្ទមួយនេះត្រូវបានទទួលស្គាល់ជាផ្លូវការ ប៉ុន្តែវាមិនមានរាងមូលស្អាត ដូចព្រះច័ន្ទដទៃៗទៀត ដែលមានទំហំធំៗនោះឡើយ ប៉ុន្តែវាធំជាងព្រះច័ន្ទរបស់ភពអង្គារទាំងពីរគឺ Phobos ដែលមានមុខកាត់ ២២គីឡូម៉ែត្រ និង Deimos មុខកាត់ ១២.៦គីឡូម៉ែត្រ៕

You might also like More from author