យាន Curiosity របស់​អង្គការ NASA ជួប​ប្រទះ​បាតុភូត​សូរ្យគ្រាស​នៅ​លើ​ភពអង្គារ

(អាមេរិក)៖ យានរុករក Curiosity របស់អង្គការ NASA កាលពីខែមុន បានមានឱកាសប្រទះឃើញបាតុភូតសូរ្យគ្រាស ដល់ទៅពីរលើក ក្នុងអំឡុងពេលមិនដល់ពីរសប្តាហ៍ឡើយ នៅលើភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។

ក្នុងអំឡុងបាតុភូតសូរ្យគ្រាសទីមួយ នៅថ្ងៃទី១៧ ខែមីនា យាន Curiosity បានមើលឃើញ ព្រះច័ន្ទតូច Deimos របស់ Mars គោចរឆ្លងកាត់ពីខាងមុខពន្លឺព្រះអាទិត្យ (ចន្លោះព្រះអាទិត្យ និងភពអង្គារ ដែលនាំឲ្យទីកន្លែងយាន Curiosity ស្ថិតនៅ រងភាពងងឹតបន្តិចផងដែរ។ សំឡឹងមើលពីផ្ទៃភពអង្គារ ទំហំរបស់ព្រះច័ន្ទ Deimos គឺតូចខ្លាំងធៀបជាមួយនឹងព្រះអាទិត្យ ដែលធ្វើឲ្យបាតុភូតនោះ តាមពិតទៅបើនិយាយពីភាសាផ្លូវការ គឺត្រឹមជាលក្ខណៈ Transit ប៉ុណ្ណោះ គឺមិនស្មើនឹងសូរ្យគ្រាស ( Eclipse) ដែលងងឹតឈឹងដូចនៅលើផែនដីនោះឡើយ។

ចំណែកព្រឹត្តិការណ៍ទីពីរវិញ ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមីនា គឺជាបាតុភូតច័ន្ទគ្រាស របស់ព្រះច័ន្ទ Phobos ដែលមានទំហំធំ។ Phobos មានមុខកាត់ប្រវែង ១១.៥គីឡូម៉ែត្រ ខណៈ Deimos មានមុខកាត់ត្រឹម ២.៣គីឡូម៉ែត្រប៉ុណ្ណោះ ហើយម៉្យាងវិញទៀតព្រះច័ន្ទ Phobos ស្ថិតនៅជិតភពអង្គារជាង Deimos ដូច្នេះពេលព្រឹត្តិការណ៍សូរ្យគ្រាសកើតឡើង វាបានបង្កភាព ងងឹតក្នុងទំហំធំ និងរយៈពេលវែងជាង។

គួរជម្រាបថា បាតុភូតទាំង០២ខាងលើ ត្រូវថតយកសកម្មភាពបានដោយកាមេរ៉ា Mast របស់យាន Curiosity។ សរុបមកទល់ពេលនេះ Curiosity និងយានដែលបានបញ្ចប់បេសកកម្មទៅហើយ ចំនួនពីរទៀតគឺ Spirit និង Opporunity បានប្រទះឃើញសូរ្យគ្រាសសរុប ៤០លើក ដោយព្រះច័ន្ទ Phobos និងការធ្វើ Transit (ឆ្លងកាត់ពីមុខព្រះអាទិត្យ) ចំនួន០៨លើកដោយព្រះច័ន្ទ Deimos៕

You might also like More from author