យាន​អវកាស​​ជប៉ុន Hayabusa2 បាញ់​វត្ថុមួយ​បំបែក​នៃ​អាចម៍ផ្កាយ Ryugu ដើម្បីត្រៀមប្រមូលគំរូតាងយកមកផែនដី

(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យានអវកាស Hayabusa2 របស់ខ្លួន បានបាញ់គ្រឿង ផ្ទុះមួយទៅកាន់ផ្ទៃ របស់អាចម៍ផ្កាយ Ryugu ដើម្បីបង្កើតជារណ្តៅនៅទីនោះ ហើយប្រមូលយកគំរូស្លាកស្នាម នៃដីស្រទាប់ផ្នែកខាងក្រោមរបស់វា ក្រោមគោលដៅស្វែងរកពីតំរុយពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។

បើតាមទីភ្នាក់ងារអវកាស JAXA បេសកកម្មនាថ្ងៃសុក្រនេះ គឺជារឿងប្រថុយប្រថានបំផុតសម្រាប់យាន Hayabusa2 ព្រោះវាត្រូវ តែគេចខ្លួនឲ្យបានឆាប់ ដើម្បីកុំឲ្យទទួលរងការប៉ះទង្គិចពីកម្ទេចកម្ទីរដែលខ្ទាតចេញពី ការបំផ្ទុះនោះ។ គ្រឿងផ្ទុះដែល Hayabusa2 បានទម្លាក់ទៅលើផ្ទៃអាចម៍ផ្កាយ Ryugu មានទំហំប៉ុនកូនបាល់ Baseball និងមានទម្ងន់០២គីឡូក្រាម (ទម្ងន់លើផែនដី)។

កិច្ចការបន្ទាប់ទៀត ទីភ្នាក់ងារអវកាស JAXA នឹងបញ្ជូនយាន Hayabusa2 ឲ្យត្រឡប់ទៅអង្កេតមើលកន្លែងបំផ្ទុះ ហើយប្រមូលយក គំរូតាងពីផ្ទៃស្រទាប់ផ្នែកខាងក្រោម ដែលមិនធ្លាប់បានទទួលរងឥទ្ធិពលពីពន្លឺព្រះអាទិត្យឬក៏ កាំរស្មីផ្សេងៗក្នុងទីអវកាសឡើយ។ អ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមថា គំរូស្លាកស្នាមទាំងនេះ នឹងផ្តល់សារសំខាន់ ជាខ្លាំង ក្នុងការស្វែងយល់ពីប្រវត្តិរបស់អាចម៍ផ្កាយ Ryugu និងដើមកំណើតនៃភពក៏ដូចជាប្រព័ន្ធអាទិត្យទាំង មូល។

គួរជម្រាបថា បើតាមការគ្រោងទុក ចុងឆ្នាំ២០១៩នេះ យាន Hayabusa2 នឹងត្រូវចាកចេញពីអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយ ប្រមាណ៣០០លានគីឡូម៉ែត្រពីផែនដី ហើយនាំយកគំរូតាងដែលវាប្រមូលបានត្រឡប់ មកដល់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០៕

You might also like More from author