រូបភាព​ពិតប្រាកដ​នៃ​ប្រហោង​ខ្មៅ «Black Hole» មិនធ្លាប់​មាន​នឹង​ត្រូវ​ទម្លាយ​នៅក្នុង​សប្តាហ៍នេះ!

(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានប្រកាសជាថ្មីទៀតថា នាថ្ងៃពុធសប្តាហ៍នេះ មនុស្សនៅ ទូទាំងពិភពលោក នឹងបានឃើញ រូបភាពពិតមិនធ្លាប់មាននៃប្រហោងខ្មៅ ដែលគេហៅថា Black Hole នោះ ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នា២០១៩។

នៅម៉ោង ០៩៖០០នាទីព្រឹកថ្ងៃពុធសប្តាហ៍នេះ (ត្រូវនឹងម៉ោង ០៨៖០០នាទីយប់ថ្ងៃពុធដដែលនៅកម្ពុជា) ទីភ្នាក់ ងារស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត National Science Foundation របស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន នឹងបង្ហាញពីលទ្ធផលដ៏អស្ចារ្យបំផុតមួយ នៃគម្រោងបណ្តាញប្រព័ន្ធតេឡេស្កូប Event Horizon Telescope (EHT) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ និងជាគម្រោងសហប្រតិបត្តិការ វិទ្យាសាស្រ្តអន្តរជាតិ ដើម្បីអង្កេតនិងសិក្សាពីប្រហោងខ្មៅក្នុងទីអវកាស។ ក្រៅពីវ៉ាស៊ីនតោន នៅទីក្រុងតូក្យូ ព្រុចសែល តៃប៉ិ សាន់ទី អេហ្គោ រួមទាំងសៀងហៃ ក៏នឹងមានការប្រកាសពីលទ្ធផលដូចគ្នានេះផងដែរ។

គួរជម្រាបថា កន្លងមកនេះគម្រោង EHT បានចំណាយពេលសិក្សាទៅលើប្រហោងខ្មៅយក្សចំនួនពីរ (Supermassive Black Hole) ដោយមួយមានឈ្មោះថា Sagittarius A* ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើង និងមួយទៀតឈ្មោះ M87 ស្ថិតនៅកណ្តាលកាឡាក់ស៊ី Virgo A ដែលនៅក្បែរយើងដែរ។

ប្រហោងខ្មៅ Sagittarius A* ត្រូវអ្នកវិទ្យាសាស្រ្តស្ទាបស្ទង់ឃើញថា មានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី និងមានម៉ាសស្មើនឹងម៉ាស របស់ព្រះអាទិត្យដល់ទៅ ០៤លានដង។ ចំណែក M87 ស្ថិតនៅចម្ងាយ ៥៤លាន ឆ្នាំពន្លឺពីផែនដី និងមានម៉ាសស្មើនឹងម៉ាសរបស់ព្រះអាទិត្យដល់ទៅ ៣.៥ពាន់លានដង៕ (គួរបញ្ជាក់ថា ចម្ងាយ១ឆ្នាំពន្លឺស្មើនឹងជិត ៩.៥ទ្រីលានគីឡូម៉ែត្រ៕

You might also like More from author