អាចម៍​ផ្កាយ​ធំមួយ​ នឹងហោះ​មកកៀក​ផែនដី​បំផុត​ត្រឹមតែ «គម្លាត​៣១ពាន់​គីឡូម៉ែត្រ» នៅ​ឆ្នាំ២០២៩ តែ​អ្នក​វិទ្យាសាស្ត្រ​ប្រាប់​កុំឲ្យ​បារម្ភ…

(វ៉ាស៊ីនតោន)៖ រយៈពេលមួយទសវត្សរ៍ទៀត អាចម៍ផ្កាយធំមួយនឹងហោះកាត់ផែនដី។ រឿងនេះមិនបង្កការព្រួយ បារម្ភ ចំពោះអ្នកវិទ្យាសាស្រ្តនោះទេ តែបណ្តាលឲ្យមានភាពត្រេកអរ និងរំភើបទៅវិញ ព្រោះពួកគេនឹងមាន ឱកាសត្រៀមខ្លួន ដើម្បីសិក្សាអំពីវានៅក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

យោងតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្ត អាចម៍ផ្កាយខាងលើហៅថា Apophis ដែលមានមុខកាត់ប្រវែង ៣៤០ម៉ែត្រ នឹងហោះមកកៀកភពរបស់យើង ក្នុងចម្ងាយត្រឹមតែ ៣១,០០០គីឡួម៉ែត្រប៉ុណ្ណោះ ដែលវាជិតជាង គម្លាតរវាងផែនដី និងព្រះច័ន្ទដល់ទៅជាង ១០ដងឯណោះ។

ស្តាប់ទៅវាប្រហែលជារឿងគួរឲ្យភ័យព្រួយមួយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តមានការជឿជាក់ខ្ពស់ថា ថ្មអវកាសនេះ នឹងមិនមកបុកចំផែនដីឡើយ ហើយផ្ទុយទៅវិញទៀតនោះ វាគឺជាឱកាសដ៏មហាកម្រមួយ សម្រាប់ឲ្យពួកគេអាច សិក្សាស្វែងយល់ឲ្យ បានស៊ីជម្រៅអំពីពពួកអាចម៍ផ្កាយ ដែលស្ថិតនៅក្បែរៗផែនដី។

គួរជម្រាបថា ហេតុការណ៍ខាងលើនឹងកើតឡើងនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩។ បើតាមអ្នកវិទ្យាសាស្រ្ត ព្រឹត្តិការណ៍បែបនេះ គឺមិនងាយកើតមាននោះឡើយ រហូតទាល់តែរាប់ពាន់ឆ្នាំម្តងឯណោះ ហើយអ្វីដែលកាន់តែ ពិសេសទៀតនោះ គឺមនុស្សភាគច្រើន នៅលើផែនដីក៏នឹងអាចមើលឃើញវា ដោយភ្នែកទទេផងដែរ។ អ្នកវិទ្យា សាស្រ្តបានអះអាងថា អាចម៍ផ្កាយ Apophis មានលក្ខណៈ ស្រដៀងគ្នាខ្លាំងទៅនឹង ៨០ភាគរយ នៃអាចម៍ផ្កាយ ដែលមានលទ្ធភាពបង្កគ្រោះថ្នាក់ដល់ផែនដី ដែលពួកគេបានកំណត់រកឃើញ៕

You might also like More from author