អ្វីទៅជា​ការសម្ងាត់​ទិន្នន័យ និង​ឯកជនភាព?

ភ្នំពេញ៖ នៅពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានជំរុញមន្រ្តីរបស់ខ្លួន ចាប់ផ្ដើមប្រើប្រាស់បណ្ដាញសង្គម ដើម្បីអង្កេតបញ្ហាដែលកំពុងតែកើតមាននៅក្នុងសង្គម ធ្វើការដោះស្រាយតាមជំនាញ និងដែនសមត្ថកិច្ចរបស់ខ្លួន។ ការសម្រេចចិត្តនេះជាយន្តការ ដែលទទួលនូវការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលកំពុងប្រើប្រាស់បណ្ដាញសង្គមមួយនេះ យ៉ាងគំហក់បំផុត។ យោងតាមតួរលេខរបស់គេហទំព័រ ស្ថិតិនៃការប្រើប្រាស់អ៊ីនធើណែតពិភពលោក (Internet World Stats) ឆ្នាំ២០១៥ បានបង្ហាញថា ក្នុងចំណោមប្រជាជនសរុប ១៥.៧០៨.៧៥៦នាក់ មានប្រជាជនប្រមាណ ៥.០០០.០០០នាក់ កំពុងប្រើប្រាស់បណ្ដាញអ៊ីនធើណែត ក្នុងនោះ ៣.៣០០.០០០នាក់ មានគណនី Facebook។

បន្ទាប់ពីដាក់ចុះនូវយន្តការប្រើប្រាស់បណ្ដាញសង្គម របស់មន្រ្តីមានសមត្ថកិច្ចកន្លងមក យើងសង្កេតឃើញថា ប្រសិទ្ធភាព និងល្បឿននៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានល្អ ទាន់សភាពការណ៍ជាងការប្រើប្រាស់លិខិតស្នាម តាមបែបរដ្ឋបាលដ៏ស្មុគស្មាញ។ ទន្ទឹមនឹងនេះក៏មានការលេចឡើង នូវសញ្ញាណអាក្រក់មួយចំនួនតួច ពីការប្រើប្រាស់បណ្ដាញសង្គមរបស់មន្រ្តីទាំងនោះ ដោយពុំមានការយល់ដឹងស្ដីពីការសម្ងាត់នៃទិន្នន័យ លិខិតស្នាម និងឯកជនភាព។ ពួកគេបានធ្វើការបង្ហោះយ៉ាងព្រោងព្រាត នូវលិខិតស្នាមនានា ពុំគិតពីប្រភេទលិខិតស្នាម (Document Classification) ថាតើអាចធ្វើការផ្សព្វផ្សាយ ឬមិនអាចនោះទេ។

. ប្រភេទឯកសារ

ជាទូទៅឯកសារត្រូវបានកំណត់ជាបីប្រភេទ៖ ឯកសារទូទៅ (ឯកសារដែលអាចផ្សព្វផ្សាយជាសាធារណៈ) ឯកសារសម្ងាត់ (ឯកសារដែលអាចធ្វើការផ្សព្វផ្សាយបាន លុះត្រាមានការអនុញ្ញាតិ និងឆ្លងកាត់ការវាយតម្លៃហិនភ័យ) និងឯកសារសម្ងាត់បំផុត (ជាប្រភេទឯកសារ ដែលមិនត្រូវបានអនុញ្ញាតិក្នុងការចម្លង ឬផ្សព្វផ្សាយជាដាច់ខាត ព្រោះវាមានហិនភ័យខ្ពស់បំផុតដល់សន្ដិសុខជាតិ)។ ក្នុងប្រទេសមួយចំនួន ដើម្បីរក្សាបាននូវការសម្ងាត់នៃទិន្នន័យ គេបានបង្កើតនូវច្បាប់ ឬបទបញ្ញាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងការដាក់ទោសទណ្ឌដល់បុគ្គល ដែលមិនប្រតិបត្តិតាមគោលការណ៍ទាំងនោះ។

២. ឯកជនភាព (ការរក្សាសម្ងាត់នៃព័ត៌មានបុគ្គល)

ព័ត៌មានផ្ទាល់ខ្លូនរបស់បុគ្គលត្រូវបានរក្សាទុកដោយបុគ្គលផ្ទាល់ និងបុគ្គលទីបី ដែលអាចជាអ្នកផ្គត់ផ្គង់សេវាកម្ម ឬមន្រ្តីមានសមត្ថកិច្ច។ ព័ត៌មានទាំងនោះមានដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ទីលំនៅអាចិន្រ្ទៃ លេខអត្តសញ្ញណប័ណ្ណ លេខទូរស័ព្ទ កន្លែងធ្វើការ ព័ត៌មានគ្រួសារ ជាដើម។ ព័ត៌មានទាំងនេះជាការសម្ងាត់ និងជាព័ត៌មានឯកជន ដែលមិនគួរគប្បីក្នុងការផ្សព្វផ្សាយ ចែកចាយ ឬបង្ហោះជាសាធារណៈ ក្នុងករណីមិនចាំបាច់ និងគ្មានការអនុញ្ញាតិពីបុគ្គលផ្ទាល់ខ្លួន។ ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ភាពឯកជននៃព័ត៌មានមិនត្រូវបានខ្វាយខ្វល់នោះឡើយ ពេលខ្លះបុគ្គលខ្លួនឯងធ្វើការបង្ហោះផ្សព្វផ្សាយ ពេលខ្លះអ្នកផ្គត់ផ្គង់សេវាកម្មធ្វើការលក់ព័ត៌មានទៅអ្នកទីបី ដោយគ្មានការអនុញ្ញាតិ ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន។ លើសពីនេះ អ្វីដែលជាកង្វល់បំផុត នៅពេលដែលមន្រ្ទីដែលមានទួនាទីធ្វើលិខិតស្នាម និងគ្រប់គ្រងព័ត៌មានរបស់ប្រជាពលរដ្ឋ បានធ្វើការបង្ហោះលិខិតស្នាមបុគ្គលដោយគ្មានការអនុញ្ញតិ។

ប្រភព៖ lyvandy.com

You might also like More from author