ការវិវឌ្ឍ​នៃ​មេរោគ​ចាប់​ជំរិត៖ Doxware

នារយៈពេលចុងក្រោយថ្មីៗនេះ មេរោគចាប់ជំរិតមានការកើនឡើង គួរឲ្យព្រួយបារម្ភ សម្រាប់អង្គភាព /សហគ្រាសធំៗនៅគ្រប់វិស័យ។ ចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ខែមីនា ឆ្នាំ២០១៦ ចំនួនជនរងគ្រោះ ដោយសារមេរោគចាប់ជំរិត គឺមានច្រើនជាង ២លាននាក់  កើនឡើងចំនួន ១៧.៧ភាគរយពីឆ្នាំមុន។

មេរោគចាប់ជំរិត បានធ្វើការវាយប្រហារ ទៅលើមុខងាររបស់ប្រព័ន្ធ ដែលជាធម្មតា វាឆ្លងតាមរយៈអ៊ីម៉ែល រួចចាក់សោរឯកសារសំខាន់ៗ (encrypt) ដ៏រាបណា អ្នកប្រើប្រាស់បង់ប្រាក់ តាមការទាមទារ។ យោងទៅតាមស្ថិតិរបស់ FBI ដែលបានសរសេរ នៅក្នុងរបាយការណ៍  Malwarebytes បានឲ្យដឹងថា  ហេគឃ័ររកចំណូលបាន ២០៩លានដុល្លា ពីជនរងគ្រោះនៅក្នុង ០៣ខែ ដំបូង ក្នុងឆ្នាំ២០១៦ ដែលនឹងអាចរកប្រាក់បាន ប្រហែលជា ១ប៊ីលានដុល្លា ក្នុងឆ្នាំ២០១៦នេះ។

ក្រុមហ៊ុនភាគច្រើន បានជៀសវាងនូវការបង់ប្រាក់ ទៅឲ្យហេគឃ័រ ដោយការយកទិន្នន័យពី back-up drives ហើយអាចចាប់ផ្តើម អាជីវកម្មសារឡើងវិញ។ ដោយសារតែមានការកើនឡើង នៃការគេចវៀស មិនបង់ប្រាក់ ក្រុមឧក្រិដ្ឋជនបានបង្កើត នូវបច្ចេកទេសកាន់តែគ្រោះថ្នាក់។ បចេ្ចកទេសចុងក្រោយនេះ គឺត្រូវបានហៅថា doxware។

Doxware វាធ្វើការដូចគ្នាទៅនឹង ransomware ដែរ ប៉ុន្តែបន្ថែមទៅនឹង ការទាមទារឲ្យបង់ប្រាក់ ក្រុមឧក្រិដ្ឋជននឹងធ្វើការគំរាមគំហែង បញ្ចេញឯកសារ ដែលចាក់សោរនោះ ទៅកាន់សាធារណៈ បើសិនជាមិនព្រមបង់ប្រាក់។ ពីរករណីបញ្ចូលគ្នា (ចាក់សោរឯកសារ + បញ្ចេញឯកសារ) អាចធ្វើឲ្យជនរងគ្រោះ មានការពិបាកគេចវៀស ពីការបង់ប្រាក់ណាស់ ដែលធ្វើឲ្យហេគឃ័រ កាន់តែទទួលបានប្រាក់ ចំណូលច្រើនជាងមុន។

បច្ចេកទេស Doxware ទាមទារ ឲ្យមានយុទ្ធសាស្ត្រ ធ្វើផែនការច្បាស់លាស់ ដែលមានន័យថា ហេគឃ័រនឹងមានគោលដៅ វាយប្រហារច្បាស់លាស់ ថាតើនរណាជាគោលដៅ (អ្នកដឹកនាំ, អ្នកនយោបាយ, អ្នកសិល្បៈ និងអ្នកល្បីៗផ្សេងទៀត)។

អ្នកដឹកនាំក្រុមហ៊ុន មានការទាក់ទងគ្នាជាច្រើន នៅក្នុងអ៊ីម៉ែល ជារៀងរាល់ថ្ងៃ ដែលប្រធានបទមាន ចាប់ពី ការអភិវឌ្ឍផលិតផលថ្មីៗ ការប្រកួតប្រជែង រហូតដល់គោលនយោបាយផ្ទៃក្នុង។ បើសិនជាទទួលរង ការវាយប្រហារ ដោយសារ Doxware នោះលទ្ធផល មិនអាចប៉ាន់ស្មានបានឡើយ។

សូមរំពឹងថាអ្វីៗនឹងកាន់តែអាក្រក់

បច្ចេកវិទ្យានៅពីក្រោយ doxware គឺនៅមាន ភាពថ្មីស្រឡាងនៅឡើយ ប៉ុន្តែនឹងរំពឹងថា បញ្ហាកាន់តែ អាក្រក់ទៅអាក្រក់ទៅ ។ ការវាយប្រហារថ្មីៗនេះ គឺមានគោលដៅទៅលើ Windows Desktop និង Laptops ប៉ុន្តែអ្វីៗនឹងមានការផ្លាស់ប្តូរ ។ នៅពេលដែលមេរោគ អាចវាយប្រហារ ទៅលើឧបករណ៍ចល័ត (mobile device) ការគំរាមគំហែងនឹងកាន់តែធំ ដែលអាចធ្វើឲ្យ text message, photos, data ប្រឈមមុខ ទៅនឹងការជ្រៀបចេញទៅក្រៅ (leak)។

ដោយសារការគំរាមគំហែង របស់មេរោគប្រភេទ doxware នេះកាន់តែមានការកើនឡើង និងរីករាលដាល ទៅលើឧបករណ៍, អ្នកប្រើប្រាស់ និងទិន្នន័យ គឺជាគោលដៅ។ វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្រុមហ៊ុន និងបុគ្គល ត្រូវតែគិតឲ្យបានច្បាស់លាស់ អំពីសន្តិសុខរបស់ទិន្នន័យ (data security)៕

ប្រភព៖ secudemy.com

 

You might also like More from author